តាកែវ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣នេះកំពុងជិតឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ពោលគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ និងគ្រោងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលកីឡាករចំនួន ១០ ក្រុម មកពីវិទ្យាល័យចំនួន១០ ក្នុងស្រុកសំរោងសរុបចំនួន ២៥០ នាក់ ចូលរួមក្នុងការប្រកួត និងមានការប្រកួតសរុបទាំងអស់ចំនួន ២៤ ប្រកួត។

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលអញ្ជើញចូលរួមបើកការប្រកួតនេះបានថ្លែងថា៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា បណ្តាក្រុមហ៊ុន និងសប្បុរសជននានា ក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍នេះឲ្យលេចចេញជារូបរាងឡើង។
គួបញ្ជាក់ផងដែរថា៖ នាឱកាសនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ៕












Discussion about this post