ថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន The Nation។
លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញ ព្យួរអំណាចអស់រយៈពេលជិត២ខែមកហើយ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃ ៣៦នាក់បានរួមគ្នាដាក់ពាក្យបណ្តឹងចោទប្រកាន់ថា លោកស្រីមានភាពមិនស្មោះត្រង់ក្នុងនាមជាមេដឹកនាំប្រទេស និងបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ ដែលក្រោយមកសំឡេងនៃកិច្ចសន្ទនានោះ ត្រូវបានបែកធ្លាយជាសាធារណៈ។
គួរបញ្ជាក់ថា ការដកហូតតំណែងជាផ្លូវការនេះធ្វើឡើង បន្ទាប់ពីលោកស្រី ទើបតែបានចូលធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៤។ ដោយឡែក លោកស្រី Paetongtarn នៅមានតួនាទីមួយផ្សេងទៀត ក្នុងជួររដ្ឋាភិបាលថៃ គឺជារដ្ឋមន្រ្តីក្រសួងវប្បធម៌៕







Discussion about this post