ភ្នំពេញ៖ តារាសម្តែងលោក បញ្ញា សិទ្ធ បានវិលត្រឡប់មកខ្មែរវិញហើយ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំំ២០២៣ មកជាមួយម្តាយរបស់លោកផងដែរ ក្រោយលោកបានជូនម្តាយទៅព្យាបាលនៅប្រទេសថៃ អស់រយៈពេលជាង១មួយខែមកហើយ។
លោក បញ្ញា សិទ្ធ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅពេលត្រឡប់មកពីប្រទេសថៃវិញ នៅឯប្រលានយន្តអន្តរជាតិភ្នំពេញ លោកបានបញ្ជាក់ថា ស្ថានភាពរបស់ម្តាយរបស់លោកពេលនេះគឺគ្រាន់បើជាងមុនហើយ គ្រូពេទ្យថារយៈពេល២ខែក្រោយត្រូវត្រឡប់ទៅពេទ្យថៃម្តងទៀតពិនិត្យតាមដានម្តង។ លោកសូមថ្លែងអំណរគុណដល់បណ្តាមិត្តសិល្បៈនិងរាមច្បងដែលឧបត្ថម្ភជួយដល់លោក ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ផ្តល់ថវិកាអាចមានលទ្ធភាពយកម្តាយទៅព្យាបាលនៅថៃទាន់ពេលវេលា។
លោក បញ្ញា សិទ្ធ បានប្រាប់ថា ស្ថានភាពរបស់លោករៀងធូរបន្តិចហើយលោកសម្រេចចិត្តថា មិនត្រឡប់ទៅធ្វើការងារថៃវិញទេ ដោយលោកថ្មីៗនេះ ទទួលបានការងារថតរឿងភាគ និងការសម្តែងឡើងវិញក្រោយផ្អាកការងារសិល្បៈរយៈពេលនេះជាង២ឆ្នាំមកហើយ។ សម្រាប់ថ្ងៃនេះផងដែរ លោកវិលមកដល់ខ្មែរភ្លាម គឺត្រូវចំថ្ងៃចេញថតរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សនបាយ័នតែម្តង។ លោកសូមណូមពរដល់បណ្តាអ្នកដឹកនាំរឿងនិងបណ្តាផលិតកម្មទាំងអស់ សូមផ្តល់ឱកាសការងារ ឱ្យលោកបន្តមានវត្តមានក្នុងសិល្បៈខ្មែរ។ អ្វីដែលលោកចង់បាននោះគឺលោកគ្រាន់តែចង់បានការងារ ដែលអាចមានលទ្ធភាពព្យាបាលម្តាយនិងចិញ្ចឹមឪពុករបស់លោកប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរ លោក បញ្ញា សិទ្ធ បានបាត់មុខចេញសិល្បៈខ្មែរអស់ពេលជាច្រើនឆ្នាំក្នុងអំឡុងពេលចាប់តាំងកូវិដ១៩មកម្ល៉េះ ដោយលោកធ្លាប់បានបញ្ជាក់ថា ដោយសារតែស្ថានភាពគ្រួសារ លោកត្រូវបង្ខំចិត្តចំណាកស្រុកទៅធ្វើការងារឱ្យគេនៅទីក្រុងបាងកកប្រទេសថៃវិញ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។
ស្ថានភាពម្តាយរបស់លោកខ្លួនធ្លាក់ឈឺធ្ងន់ធ្ងរដោយតម្រូវរកលុយវះកាត់ ជម្ងឺគ្រោះក្នុងតម្រង់នោម និងគ្រោះក្នុងពោះវៀន ដែលជម្ងឺចំបង។ អ្វីដែលលោកកំពុងបារម្ភនោះ ស្ថានភាពរបស់លោកម្តាយរាល់ថ្ងៃនេះ គឺមានជម្ងឺប្រចាំកាយស្រាប់ហើយដូចជា ទឹកនោមផ្អែម និងឈឺសន្លាក់ ទៀត ។ ហេតុដូច្នេះដែលនាំឱ្យលោកខ្វះខាត ខ្វះមុខ ក្រោយព្រោះចំបាច់តម្រូវចំណាយច្រើនទៅលើម្តាយ។
ទោះបីជាលោកជាតារាសម្តែងប្រុសលំដាប់ជួរមុខនៅកម្ពុជា ប៉ុន្តែជីវិតពិតរបស់លោក ក៏រងសម្ពាធ និងការប្រមាថមើលងាយផងដែរពីសំណាក់ មនុស្សដូចគ្នាក្នុងសិល្បៈខ្មែរឬបណ្តាអ្នកដឹកនាំរឿង ដែលបានយករូបលោកទៀតប្រៀបធៀបនឹងអ្នកលេងតិកតុកថាមានមើលច្រើនជាងតួកុនខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ បានមើលងាយតម្លៃការងារនិងថ្លៃឈ្នួលតារាខ្មែរថែមទៀត ។ កត្តាទាំងនេះ បានធ្វើឱ្យឈឺចាប់ក្នុងចិត្ត និងមិនអាចបន្តនៅស្រុកខ្មែរ ដោយបង្ខំចិត្ត ចំណាកស្រុកទៅធ្វើការងារនៅថៃ ដែលបានកម្រៃខ្ពស់ មកផ្គត់ផ្គង់គ្រួសារនិងចំបាច់ព្យាបាលម្តាយ៕







Discussion about this post